Thursday, January 17, 2019

បុប្ផាមួយទង

បុប្ផា១ទង

បទៈ បុប្ផាមួយទង
និពន្ធដោយៈ ចេង ណូរ៉ា
ច្រៀងៈ​ នៅមិនស្គាល់
បទភ្លេងៈ នៅមិនមាន
សំរួលតន្រ្តីៈ នៅមិនស្គាល់

ប្រវត្តិ ៈ កាលពីប្រហែលឆ្នាំ ២០១០​ ខែមិនចាំ ថ្ងៃមិនចាំ នៅឯខេត្តកំពង់ធំ​ ស្រុកស្ទោង ឃុំទ្រា ភូមិស្លា ដែលត្រូវជាទីកំណើតរបស់ខ្ញុំបាទផ្ទាល់។ ពុទ្ធបរិស័ទចំណុះជើងវត្តត្រែងបានមូលមតិគ្នាជាឯកច្ឆ័នសម្រេចបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហាថ្មីនៅថ្ងៃពេញបរមី។ កាលណោះអាចារ្យ ព្រមទាំងគណៈកម្មការវត្តបានចាត់អោយពុទ្ធបរិស័ទចំណុះជើងវត្ត រៀបចាត់ជារោងកាន់អង្គតាមទិសនីមួយៗ មានចំនួន ៨ទិសនិងរោង ដើម្បីរៀបចំទទួល ព្រះសង្ឃក៏ដូចញាតិមិត្តជិតឆ្ងាយ ដែលមកចូលរួមក្នុងពិធីបុណ្យហ្នឹង។

មានមនុស្សម្នារ ក្មេង ចាស់ ប្រុស ស្រី កំលោះ ក្រមុំ កុមារា កុមារី...មកពីជិតឆ្ងាយច្រើនណាស់ ព្រោះថាព្រះវិហារនេះគឺជាព្រះវិហារដំបូងហើយសំរាប់វត្តនេះ ដូច្នេះគ្រប់គ្នាពិតជាមិនចង់អោយបុណ្យនេះកន្លងទៅដោយមិនបានមកលេងនោះទេ។ ខ្ញុំក៏បានមកលេងដែរជាមួយនឹងមិត្តៗ៤ទៅ៥នាក់។ ក្នុងវេលាយប់ប្រហែលជាម៉ោង ៩ឬ១០យប់ ព្រះច័ន្ទរះប្រប៉ះនឹងពពកធំៗពាសពេញលើមេឃ ក្នុងរោងកាន់អង្គ ខ្ញុំបានប្រទាក់ភ្នែកនឹងនារីស្រស់ក្មេងម្នាក់កំពុងអង្គុយចរចាជាមួយនារីរាងចំណាស់ម្នាក់(ប្រហែលម្តាយឬ ម្តាយមីង ឬម្តាយធំ) អំពីរឿងអ្វីមួយក្នុងសម្តីពីរោះនិងកាយវិការសុភាពរាបសា។ ខ្ញុំបានខំសម្លឹងទៅរកនាង នៅក្នុងចំងាយប្រហែលជា៥ទៅ៦ម៉ែត្រ ខ្ញុំមើលឃើញនាងពីចំហៀង កែវភ្នែកខ្ញុំបានថតនូវសម្ភស្សរបស់នាងគ្រប់សព្វទាំងអស់ គឺពិតជាគ្មានទាស់ត្រង់ណានោះទេ។ នាងស្អាតណាស់ ហើយនាងក៏មិនមែនជាអ្នកស្រុកជិតៗនេះទេ នាងប្រហែលជាអ្នកមកពីស្រុកឆ្ងាយទើបបានជាខ្ញុំមិនដែលឃើញនាងពីមុនមកសោះ។

ប៉ុន្តែគួរអោយស្តាយដែលខ្ញុំមិនបានសួរនាំអោយបានស្គាល់ចិត្ត និងទីលំនៅរបស់នាងអោយបានច្បាស់ បានត្រឹមតែលួចប៉ងក្នុងចិត្តតែម្នាក់ឯងទាំងនាងមិនដឹងខ្លួន។ យប់នោះខ្ញុំពិតជាចង់ជួបចរចាជាមួយនាងណាស់ ព្រោះខ្ញុំដឹងថា ព្រឹកស្អែកថ្ងៃត្រង់នាងនឹងត្រលប់ទៅស្រុករបស់នាងវិញមិនខានបន្ទាប់ពីធីបុណ្យឆ្លងចប់សព្វគ្រប់។ ប៉ុន្តែពេលវេលាពិតជាដើរលឿនមែន នៅពេលដែលខ្ញុំកំពុងគិត ស្រាប់តែបាត់នាងពីក្នុងរោង ខ្ញុំបានដើររកនាងសព្វកន្លែង នៅជុំវិញវិហារ គ្រប់រោងកាន់អង្គនៅតែមិនឃើញនាង រហូតខ្ញុំមកអង្គុយចាំនាងនៅកន្លែងដែលខ្ញុំជួបនាងដំបូងក៏មិនឃើញនាងត្រលប់មកវិញ(នាងប្រហែលជាទៅស្នាក់នៅផ្ទះបងប្អូននាងនៅភូមិណាមួយក្នុងចំណោមភូមិចំណុះអោយវត្តត្រែង)។

ស្អែកឡើងក៏នៅតែមិនឃើញនាង​ ខ្ញុំក៏បានតែទុក្ខក្រៀមក្រំ នឹងបន្សល់ទុកនៅតែបទចំរៀងអនុស្សាវរីយមនោសញ្ចេតនា ដែលខ្វះភ្លេងមួយបទនេះគ្រាន់បានច្រៀងសា្តប់ខ្លួនឯងពេលនឹកឃើញដល់នាង៕





SHARE THIS

Author:

Facebook Comment

0 comments: